លោក គង់ នួន ជាអគ្គនាយកក្រុមហ៊ុន គង់ នួន គ្រុប បានមើលឃើញពីផលពិបាករបស់កូនសត្វដំរីពិការជើងឈ្មោះ ឈូក ដែលត្រូវបានក្រុមអ្នកអភិរក្សសត្វព្រៃជួបប្រទះនៅក្នុងព្រៃនាខេត្ត រតនៈគីរី បានយកមកសង្គ្រោះនៅរម្មណីយដ្ឋាន ភ្នំតាម៉ៅ ខេត្តតាកែវ។ លោកអគ្គនាយកក្រុមហ៊ុន គង់ នួន មានសន្តានចិត្តអាណិតអាសូរដល់សត្វដំរី។ នៅពេលដែលលោកបានជួប ឈូក លោកក៏បានសម្រេចចិត្តឧបត្ថមជើងសិប្បនិម្មិតដែលផលិតចេញពីជ័រកៅស៊ូរបស់សំបកកង់រថយន្តម៉ាក Bridgestone ក្នុងគោលបំណងដើម្បីសម្រួលដល់ការធ្វើចលនារបស់វាប្រចាំថ្ងៃ។ ក្នុងឆ្នាំ ២០១៧នេះ ឈូក មានអាយុដប់បីឆ្នាំហើយ។ ឈូក មិនត្រឹមតែទទួលបានជើងសិប្បនិម្មិតប៉ុណ្ណោះទេ ការទទួលបាននូវចំណីអាហារសម្រាប់ទ្រទ្រង់ជីវិតប្រចាំថ្ងៃរបស់ ឈូក ក៏កើតចេញពីការឧបត្ថមរបស់ក្រុមហ៊ុន គង់ នួន គ្រុប ដែលមានរយៈពេលបីឆ្នាំផងដែរ។ លោកអ្នកប្រហែលជាបានជ្រាបហើយថាសត្វដំរីនៅក្នុងប្រទេសកម្ពុជា ត្រូវបានចាត់ទុកថាជាប្រភេទសត្វកម្រ ដែលក្រុមអ្នកអភិរក្សសត្វព្រៃមានការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសត្វទាំងនេះកុំឲ្យផុតពូជ។ ការឧបត្ថមរបស់ ក្រុមហ៊ុន គង់ នួន គ្រុប គឺជាសកម្មភាពសព្វបុរសធម៌មួយ ក្នុងការចួលរូមចំណែកដល់ការថែរក្សាការពារសត្វព្រៃនៅកម្ពុជា។ ប្រសិនបើលោកអ្នកមានដំណើរកំសាន្តទៅរម្មណីដ្ឋានភ្នំតាម៉ៅ សូមកុំភ្លេចចូលទស្សនា ឈូក។