កាលពីថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2016 នៅសណ្ឋាគារ Sofitel ក្រុមហ៊ុន Yamaha Motor របស់ជប៉ុន បានរៀបចំបង្ហាញនូវវត្តមានម៉ូតូ Grand Filano និង Fino ឆ្នាំ 2017 របស់ខ្លួន រួមនឹងការរៀបចំពិធីជួបជុំ និងពិសារអាហារពេលល្ងាចដ៏ធំជាមួយម្ចាស់ហាងលក់ម៉ូតូនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាច្រើនរូប។ នៅក្នងព្រឹត្តិកាណ៍ដ៍ធំនោះ ក្រុមហ៊ុន Yamaha ក៏បានប្រកាសចាប់ដៃគូជាផ្លូវការជាមួយនឹងក្រុមហ៊ុន គង់ នួន គ្រុប ផងដែរ នៅក្នុងការផ្តល់សិទ្ធិអោយក្រុមហ៊ុនរបស់លោកឧកញ៉ា គង់ នួន សំរាប់ការនាំចូល និងចែកចាយម៉ូតូយ៉ាម៉ាហា ពីប្រទេសជប៉ុននៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។
លោកឧកញ៉ា គង់ នួន ដែលជាអគ្គនាយកក្រុមហ៊ុន គង់ នួន គ្រុប បានមានប្រសាសន៍ថា គោលបំណងក្នុងការរៀបចំពិធីនេះឡើង គឺដើម្បីថ្លែងអំណរគុណដល់ដៃគូអាជីវកម្មទាំងអស់ ដែលបានចូលរួមគាំទ្រផលិតផល Yamaha នាពេលកន្លងមក ហើយនិងចង់បង្ហាញពីយុទ្ធសាស្ត្រអាជីវកម្មថ្មី ក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន គង់ នួន គ្រុប ជាពិសេសក្រោមការគ្រប់ដោយរូបលោកផ្ទាល់។ លោកឧកញ៉ា បានមានប្រសាសន៍បន្ថែមថា អស់រយះពេល 26ឆ្នាំ នេះ ហើយដែលក្រុមហ៊ុនរបស់លោក បានបង្កើតឡើង នឹងកំពុងបាននាំចូល និង ចែកចាយផលិតផល និងគ្រឿងចក្ររបស់ជប៉ុនជាច្រើនប្រភេទ ជាមួយនឹងការគាំទ្រពីសំណាក់អតិថិជន នាំឲ្យក្រុមហ៊ុន ទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងនោះ ក៏មានផលិតផលម៉ូតូ យ៉ាម៉ាហាផងដែរ។
លោកឧកញ៉ា បានបន្តថា ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃការគាំទ្រ និងតម្រូវការរបស់អតិថិជន ក្រុមហ៊ុន គង់ នួន គ្រុប បានធ្វើការសហការជាមួយដៃគូស្ថាប័នផ្ដល់សេវាហិរញ្ញវត្ថុ ដើម្បីបម្រើសេវាកម្មបង់រំលោះ បង្កភាពងាយស្រួលដល់អតិថិជនរបស់យើង។ នៅថ្ងៃនេះ យើងបាននាំចូល និងចែកចាយជាផ្លូវការម៉ូតូ Yamaha Gran Filano និង Fino ម៉ូដែលចុងក្រោយរបស់ផលិតផល YAMAHA ពិតៗ។ នៅក្នុងឱកាសនោះ លោកឧកញ៉ា ក៏បានថ្លែងអំណរគុណក្រុមហ៊ុន YAMAHA Motor Corporation ប្រទេសជប៉ុន ដែលបានសំរេចចិត្តជ្រើសរើសក្រុមហ៊ុន គង់ នួន គ្រុប ជាដៃគូក្នុងការនាំចូល ចែកចាយផ្តាច់មុខជាផ្លូវការណ៍ ទៅលើផលិតផល ម៉ូតូ YAMAHA នៅក្នុងប្រទេសកម្ពុជា។
លោក Horikoshi Kertaro អ្នកគ្រប់គ្រងក្រុមហ៊ុន យ៉ាម៉ាហាម៉ូតូ ប្រទេសជប៉ុន ក៏បានមានប្រសាសន៍អោយដឹងដែរថា តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន គង់ នួន គ្រុប ដែលតែងតែយកចិត្តទុកដាក់ដល់អតិថិជន យើងសង្ឃឹមថា ផលិតផលម៉ូតូ Yamaha នឹងមានកំណើនការលក់នៅទីផ្សារកាន់តែខ្លាំងឡើង។
លោកបន្តថា ដោយសារតែយើង បានមើលឃើញថា ក្រុមហ៊ុន គង់ នួន គ្រុប មានបទពិសោធន៍យូរឆ្នាំមកហើយលើវិស័យចែកចាយផលិតផលយានយន្ត និងផលិតផលជាច្រើនទៀតនោះ យើងសង្ឃឹមថា ការសហការជានាំចូល និងចែកចាយម៉ូតូម៉ាកយ៉ាម៉ាហានៅក្នុងប្រទេស នឹងទទួលបានការគាំទ្រ ច្រើនពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជា និងធ្វើអោយម៉ូតូ Yamaha នឹងភាពល្បីឈ្មោះកាន់តែខ្លាំងនៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។សូមជំរាបថា Yamaha Grand Filano 125cc និង Yamaha Fino 125cc 2017 ដែលជាប្រភេទម៉ូតូអូតូ ម៉ូដែលចុងក្រោយបំផុត និងជាប្រភេទម៉ូតូដែលកំពុងពេញនិយម និងទទួលបាកការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។